ឆ្លើយអាថ៌កំបាំងព្រះត្រៃបិដកខ្មែរ

អ្នកដែលផ្ដើមគំនិតគិតឲ្យប្រែ និងបោះពុម្ពព្រះត្រៃបិដក តាមព្រះរាជប្រកាសលេខ ១០៦ ចុះថ្ងៃ ១៣កើត ខែមិគសិរ ឆ្នាំម្សាញើញ់ឯកស័ក ពុទ្ធសករាជ ២៤៧២ ត្រូវនឹងថ្ងៃទី ១៤ ខែដេសម ឆ្នាំ១៩២៩ នោះមានឈ្មោះដូចខាងក្រោម ៖

» ព្រះតេជព្រះគុណលោក ហ្វែណងត៍ ឡាវិត រ៉េស៊ីដងត៍សុប៉េរិយើរដឺឡារេពុយព្លិកបារាំង​សេស ក្នុងក្រុងកម្ពុជាធិបតី ។

»សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតី ជួន សេនាបតីទី១ សេនាបតីក្រសួងព្រះបរម​រាជវាំង​ ព្រះឃ្លាំងនឹងរចនា ជាអ្នកពន្យល់ផ្ទាល់ ហើយព្រាងព្រះរាជប្រកាសជូន​ពិនិត្យសម្រេច ។

»សម្ដេចចក្រីកុញ្ជរាធិបតី ប៉ុន សេនាបតីក្រសួងយុទ្ធនាធិការ យោធាធិការ និង​សិក្សាធិការ ។

»ក្រុមហ្លួង ស៊ីសុវត្ថិ៍សុភាណុវង្ស ទីអគ្គមហាសេនាសេនាបតីក្រសួងមហាផ្ធៃ និង ធម្មការ ។

»អ្នកឧកញ៉ាយោមរាជ ជា ភូសម្រេចរាជការ ក្រុមព្រះនគរបាល សេនាបតីក្រសួង យុត្តិធម៌ ។

»ក្រុមឃុន វិសុទ្ធិ៍ខត្តិយវង្ស នរោត្តមសុរាម្រឹត ទីក្រឡាហោម សេនាបតីក្រសួងជើងទឹក ក្សេត្រាធិការ សប្បិយការ នឹងពាណិជការ ។

ខាងក្រោយមក សម្ដេចចក្រី ប៉ុន មរណភាពទៅ ក្រុមហ្លួង​​ ស៊ីសុវត្ថិ៍សុភាណុវង្ស ឡើង ទីជាចក្រីកុញ្ជរាធិបតី ។

អ្នកឧកញ៉ាយោមរាជ ជា ឡើងទីជាអគ្គមហាសេនា ។

ឧកញ៉ាមហាឥស្សរា ប៉ែន ឡើងទីជាយោមរាជ ។

ព្រះត្រៃបិដកដែលប្រែ និងបោះពុម្ពលើកដំបូង មានតែ ១០០សៀវភៅតែប៉ុណ្ណោះគឺ ព្រះវិន័យបិដកមាន១៣សៀវភៅ, ព្រះសុត្តន្តបិដកមាន ៥៧សៀវភៅ, ព្រះអភិធម្មបិដក មាន ៣០សៀវភៅ ។

ព្រះត្រៃបិដករបស់ខ្មែរយើងបោះពុម្ពបាលីម្ខាង​ និងសម្រាយម្ខាង ។ ការធ្វើយ៉ាងនេះ ប្រៀបដូចជាបានប្រទីប ឬដងគោមធំពីរជួរ តាំងនៅអមផ្លូវទាំងសងខាង ដែលជាផ្លូវដើរ​ទៅរកទីក្សេមក្សាន្ត ជាផ្លូវដែលអ្នកឥតសំណាងមិនត្រូវការចូលដើរច្រៀតបៀតទៅ​​ជាមួយផងបាន ។

ម្យ៉ាងទៀត ហាក់ដូចជាបានថ្នាំឪសថ ២បំពង់កែវ,​ ថ្នាំឪសថនេះ នឹងអាចរម្ងាប់រោគច្រើន​យ៉ាង មានរោគគ្រុនក្ដៅក្រហាយ គឺសេចក្ដីវិវាទទាស់ទែងខ្វែងគំនិតគ្នាជាដើម និង​សេចក្ដីសង្ស័យមិនដាច់ស្រេចជាយូរមកហើយនោះ ឲ្យបានជាសះស្បើយជាប្រាកដ ។

បណ្ដាគម្ពីរទាំងបី គម្ពីរព្រះវិន័យបិដកត្រូវបានប្រែ និងបោះពុម្ពមុនគេ ។ ឯការបោះពុម្ព​នេះ ត្រូវប្រើអស់រយៈពេល ៦ ទៅ ៧ឆ្នាំ​ ទើបចប់ទាំង ១៣ សៀវភៅ ក្នុងរវាងពុទ្ធសករាជ​២៤៧៩ គ្រិស្តសករាជ ១៩៣៦ ។

មានរឿងពីរ ដែលបានកើតឡើងចំពោះគម្ពីរព្រះវិន័យបិដកគឺ៖

»ទី១ កាលដែលបានបោះពុម្ពចប់សៀវភៅ១ក្បាលដំបូង ត្រូវនឹងវេលាដែលព្រះតេជ​ព្រះគុណលោក ប៉ូលរេណូទ៍ ជាអធិបតីក្នុងរាជការធំបារាំងសែសក្រសួងប្រទេសរាជ អញ្ជើញមកទស្សនាការប្រទេសឥណ្ឌូចិន បានជ្រាបគំនិតដ៏វិសេស ដែលរាជការ​ប្រូតិកតូរ៉ាត៍ និងរាជការខេមរៈ កំពុងគិតផ្សាយលក្ខណៈព្រះពុទ្ធសាសនានេះ ក៏លោក​បានសុំឲ្យរៀបពិធីសម្ភោទ្យសៀវភៅ ព្រះវិន័យបិដកជាបឋម ដែលបោះពុម្ពបាន ១ក្បាលរួចហើយនោះ ឆ្លងនៅថ្ងៃព្រហស្បតិ ១១កើត ខែអស្សុជ្ជ ឆ្នាំមមែត្រីស័ក ពុទ្ធសករាជ ២៤៧៤ ត្រូវនឹងថ្ងៃទី ២២ ខែឲកតូប គ្រិស្តសករាជ ១៩៣១ ។

»ទី២ ក៏ជាការសម្ភោទ្យដែរ គឺសម្ភោទ្យព្រះវិន័យទាំង១៣ក្បាល ។ ឯការធ្វើពិធីនេះ គឺធ្វើ​ពេញក្នុងកម្ពុជរដ្ឋទាំងមួល អស់លោកអ្នកនៅក្រុងប្រជុំធ្វើនៅព្រះរាជបណ្ណាល័យកម្ពុជា​ក្រុងភ្នំពេញ មានអស់លោកកុង្សីយ៍សេនាបតីជាអ្នកបង្គាប់ការ ព្រះរាជបណ្ណាល័យ សាលាបាលីជាន់ខ្ពស់ និងពុទ្ធសាសនបណ្ឌិត្យ ជាអ្នកទទួលចាត់ការបុណ្យនេះ។ ក្នុង​ការបុណ្យនេះ មានលោកឡឺរ៉េស៊ីដងត៍សុប៉េរិយើរ ជាអធិបតី,​ តែកិច្ចការទាំងអស់​សម្រេចតាមព្រះរាជហឫទ័យ និងព្រះយោបល់នៃព្រះករុណាជាម្ចាស់ជីវិតលើត្បូង ។ ឯ​អស់លោកនៅស្រុកក្រៅធ្វើគ្រប់ខែត្រតាមវត្តមេគណគ្រប់វត្ត មានលោកចៅហ្វាយខែត្រ​ជាអ្នកបង្គាប់ការ លោកមេគណ និងអស់លោកជាថានានុក្រមក្នុងខែត្រ ជាអ្នកទទួល​ចាត់ការរៀបរបៀបបុណ្យនេះ ហើយមានលោកឡឺរ៉េស៊ីដងត៍ទីរងខែត្រជាអធិបតី ។

ឯពេលវេលាដែលធ្វើបុណ្យនេះ ឯកសារមិនបានបញ្ជាក់ថាធ្វើនៅថ្ងៃខែឆ្នាំំណាទេ គ្រាន់​តែបញ្ជាក់ថាធ្វើក្នុងថ្ងៃខែឆ្នាំ ជាមួយគ្នានឹងព្រះរាជបណ្ណាល័យ ព្រមទាំងរបៀបរៀបចំក៏​ប្រហែលៗគ្នាទាំងអស់ ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: