ផ្ចាញ់សត្រូវ

សត្រូវមាននៅគ្រប់ទិសទី យើងតែងតែជួបប្រទះគ្រប់ៗគ្នា បើមិនសត្រូវខាងក្រៅ ក៏មាន​សត្រូវនៅខាងក្នុងដែរ ។ សត្រូវខាងក្រៅមានច្រើនប្រភេទណាស់ មានដូចជា បច្ចាមិត្ត, ចោរ, គ្រោះថ្នាក់ផ្សេងៗជាដើម….។ ឯសត្រូវខាងក្នុងវិញក៏មិនតិចដែរ រោគគ្រប់ប្រភេទ ចុកពោះ, ឈឺក្បាល, វិលមុខ, មិនសុខចិត្ត, វិបត្តិផ្សេងៗ ….សុទ្ធតែជាសត្រូវទាំងអស់ ។

តើយើងធ្វើដូចម្ដេច ទើបអាចផ្ចាញ់សត្រូវទាំងនេះបាន ?

ក្នុងទីនេះ សត្រូវខាងក្នុងលើកទុកចុះ និយាយពីរបៀបផ្ចាញ់សត្រូវខាងក្រៅតាមបែប ព្រះពុទ្ធសាសនា ។

និយាយយ៉ាងនេះ មិនមែនបានន័យថា ព្រះពុទ្ធសាសនាអប់រំឲ្យមនុស្សផ្ចាញ់ផ្ចាលគ្នា​យកឈ្នះយកចាញ់លើគ្នានោះទេ ការពិតនេះគ្រាន់តែជាវិធីសាស្រ្ដខ្ឡះៗ សម្រាប់ប្រើ នៅពេលដែលមានសត្រូវប៉ុនប៉ងយាយីតែប៉ុណ្ណោះ ។ តែទោះជាយ៉ាងណា ក៏ការផ្ចាញ់ សត្រូវតាមបែបព្រះពុទ្ធសាសនា មិនមានការប្រើអាវុធ មិនប្រើពាក្យសំដីចាក់ដោត មិនប្រើការគំរាមកំហែងបៀតបៀនគ្នាដែរ ។

ខាងក្រោមនេះជារបៀបខ្លះៗដែលព្រះសម្មាសម្ពុទ្ធប្រើសម្រាប់ផ្ចាញ់សត្រូវដែលមាន គំនិតមិនល្អចំពោះព្រះអង្គ ៖

១. បើជួបនឹងសត្រូវដែលមានចិត្តលោភលន់ លោកឲ្យផ្ចាញ់ដោយទាន គឺអំណោយ

២. អ្នកដែលមានចិត្តរឹងរូស មិនងាយប្រដៅបាន លោកឲ្យប្រើខន្ដី គឺការអត់ធ្មត់

៣. បើជួបនឹងមនុស្សសត្វដែលមានចិត្តកាចឃោរឃៅ លោកឲ្យយើងប្រើ មេត្តា

៤. ជនខ្លះមិនអាចប្រើមេត្តាបានទេ លោកឲ្យប្រើរិទ្ធិ៍អំណាច របស់យើងទៅបង្រ្កាបវិញ

៥. ជនដែលតែងតែនិយាយកុហក បោកប្រាស បង្កាច់បង្ខូច លោកឲ្យប្រើ សច្ចៈ គឺការ​ទៀងត្រង់ទៅទប់ទល់។

៦. ចំពោះជនដែលមានល្បិច លោកឲ្យប្រើបញ្ញាតប។

៧. ចំពោះជនដែលមានអស្មិមានៈរឹងរូសខ្លះ យើងពុំអាចផ្ចាញ់បានដោយខ្លួនឯងទេ គប្បីប្រើឲ្យអ្នកដទៃ ទៅផ្ចាញ់វិញក៏បានដែរ

៨. ចំពោះអ្នកដែលជាបញ្ញវ័ន្ត មានការចេះដឹងជ្រៅជ្រះ លោកឲ្យប្រើចំណេះវិជ្ជា

វិធីទាំង ៨នេះ ជាវិធីដែលព្រះពុទ្ធលោកបានប្រើរួចមកហើយ ដូច្នេះពេលដែលជួបបញ្ហា ប្រាកដជាអាចដោះស្រាយបាន ព្រោះយើងមានពុទ្ធសរណៈ គឺមានព្រះពុទ្ធជាទីអាង​ត្រឹមត្រូវ ។

បញ្ចេញមតិ