ហេតុអ្វីគេនិយមកសាងវត្តនៅទីទាំងឡាយនោះ?

បានជាគេនិយមកសាងវត្តនៅទីទាំងឡាយនោះព្រោះ ៖

»ទីមួយ ប្រទេសកម្ពុជាយើង ជាប្រទេសទំនាប ភ្លៀងច្រើន មានទឹកលិចច្រើននៅ​រដូវវស្សា ។  ភូមិសាស្រ្ដបែបនេះ តម្រូវឲ្យគេជ្រើសរើសរកកន្លែងខ្ពស់ មិនលិចទឹក​កសាងវត្តអារាម ដើម្បីងាយដល់ការធ្វើបុណ្យសុន្ទរ៍ទានទាំងឡាយ ។ គេអាចធ្វើដំណើរ​ទៅកាន់ទីនោះបាន តាមផ្លូវគោកនៅរដូវប្រាំង ។

»ទីពីរ ទីកន្លែងនោះ ច្រើនមានប្រភពទឹកនៅក្បែរ ជាទីប្រជុំនៃមនុស្សសត្វផងទាំងឡាយ នៅរដូវរាំងស្ងួត ។ គេនាំគ្នាទៅទីនោះបានផលប្រយោជន៍ច្រើនគឺ ទៅវត្តផង យកសត្វ​ទៅឲ្យផឹកទឹកផង ងូតខ្លួនឯងផង ដងទឹកយកទៅបរិភោគផង ហើយមានពេលខ្លះបេះ​បន្លែ​វារីជាតិ(មាន ឈូក ប្រលិត លំចង់ ស្បង្ក័ជ )ទៅបរិភោគផង ។

»ទីបី គឺជាកន្លែងដែលធ្លាប់គោរពបូជា តាំងពីបុរាណកាលតៗមក ។ យើងសង្កេតឃើញ​ថាមានវត្តជាច្រើន ដែលកសាងឡើងលើដំណែលចាស់ពីបុរាណ ។

ឧ. វត្តនៅទន្លេបាទី វត្តនៅបរិវេណប្រាសាទអង្គរវត្ត ។ល។

»ទីបួន វត្តជាកន្លែងស្ងប់ស្ងាត់ ត្រជាក់ត្រជុំ មានព្រៃឈើ ដែលគេហៅថា “អារាម” ពិសេសទីទួលដែលមានព្រៃស្រាប់ នោះជាកន្លែងសមស្របមុនគេ ។

»ទីប្រាំ វត្តអារាម ជាកន្លែងដែលមានបារមីនៃព្រះពុទ្ធជាបរមគ្រូ ជាឃ្លាំងនៃធម៌វិន័យ ដែលប្រជាជនខ្មែរមានជំនឿថាអាចកំចាត់ បិសាច​ ខ្មោច ព្រាយ អសុរកាយបាន ។ រីឯទីទួលព្រៃស្មសាន ច្រើនជាកន្លែងដែលប្រជាជនខ្លាចរអែង ធ្វើឲ្យអារម្មណ៍របស់​ប្រជាជនមិនស្ងប់ ។ ដូច្នេះព្រះសង្ឃដែលតំណាងនូវសេចក្ដីលះបង់ តំណាងនៃសេចក្ដី​ពិតសច្ជៈ ដែលមិនចេះខ្លាចខ្មោច ព្រាយ បិសាច លោកតែងទៅតាំងទីធ្វើសំណាក់​កម្មដ្ឋានធុតង្គ ដើម្បីកម្ចាត់ពួកព្រាយអសុរកាយនៅទីនោះ ។ ក្រោយមកគេក៏នាំគ្នា​កសាងវត្តនៅទីនោះទៅ ។ វត្តបានទៅជាការធានារ៉ាប់រង ជាទីពំនាក់ផ្នែកផ្លូវចិត្តរបស់​ប្រជាជន ។

តើគេច្រើនកសាងវត្តអារាមនៅកន្លែងណា?

វត្តអារាម ទោះបីជាកន្លែងស្ងប់សម្រាប់អ្នកបួសសម្ងំបន្ទំចិត្តជម្រះកិលេសតណ្ហា ដើម្បី​កាត់ផ្ដាច់ការជាប់ជំពាក់នឹងជីវភាពរស់នៅរបស់មនុស្ស ។ បច្ចុប្បន្ន វត្តនៅតែមាន​ទំនាក់​ទំនងជាមួយសង្គម ផ្សារភ្ជាប់នឹងសង្គមជានិច្ចកាល ។

ដូច្នេះបានជាឃើញវត្តអារាមច្រើននៅកណ្ដាលក្នុងចំណោមភូមិ ។ វត្តទាំងឡាយច្រើន​សង់នៅលើទីទួលខ្ពស់ មិនលិចទឹកនៅរដូវវស្សា ឬសង់នៅលើកំពូលភ្នំ ។​ នេះជាលក្ខណៈមួយបង្ហាញថា​ វត្តជាទីសក្ការៈ ត្រូវស្ថិតនៅទីខ្ពស់ ជាងលំនៅរបស់ប្រជារាស្រ្ដ ប្រហាក់ប្រហែលនឹងបុរាណប្រាសាទ​ ដែលគេសាងនៅលើ​កំពូលភ្នំដែរ ។ វត្តទាំងនោះមាន ៖

»វត្តសង់លើភ្នំណា យកឈ្មោះតាមភូមិនោះ ដូចជា ភ្នំស្រង់ ភ្នំសន្ទុក ភ្នំដិល ភ្នំបាធាយ ភ្នំស្អាង ភ្នំធន់មន់ ភ្នំសំពៅ ភ្នំតាម៉ៅ ។ល។

»វត្តសង់លើទីទួលណា គេដាក់ឈ្មោះតាមទីទួលនោះ ។ ឧទាហរណ៍ៈ វត្តទួលព្រេច វត្តទួលរកា វត្តទួលស្ដី ជាដើម ។

»វត្តមួយចំនួនសង់លើទីតាំងរបស់អង្គចាស់ៗពីបុរាណ ទើបយកឈ្មោះតាមអង្គនោះ ឬ ព្រះធាតុនោះ ឬតំាងនោះ ។ ឧ. វត្តអង្គប្រួច វត្តតាសូរ វត្តព្រះធាតុ វត្តតាំងក្រសាំង វត្តតាំងផ្លោត ។ល។

»បញ្ជាក់

»» តាំង គឺទួលក្នុងដងព្រៃ ដែលគេកាប់ឆ្ការកសាងជាភូមិ ឬកសាងជាវត្ត ។ ក្រៅពី​ទួល អង្គ ព្រះធាតុ តាំង វត្តអារាមត្រូវបានគេកសាងនៅកន្លែង​ផ្សេងៗទៀត​ជិតៗ​ភូមិ​​ដូចជាកន្លែងរំលិច ។ រំលិចជាអន្លង់ទឹកមានសណ្ឋានទ្រវែងទាល់ចុងដើម គ្មាន​ផ្លូវ​ទឹកហូរចេញចូលច្រើនជិតស្ទឹងជិតព្រែក ។ នៅខាងខ្ពស់គេហៅ​ក្បាលរំលិច ខាងទាបគេហៅ​ចុងរំលិច ។ រំលិចក៏ជាប្រភពទឹកមួយដែរ ។

កន្លែងមាន ក្រាំង មានខ្នារ មានព្នៀត មានរលាំង …. ។ ឧ. វត្តក្រាំងយ៉ូវ វត្តរលាំងកែន  ។

»» ក្រាំង គឺជាទួលដែលមានទីវាល គេដាក់ឈ្មោះក្រាំងទៅតាមដើមឈើដែលដុះ​នៅលើដីក្រាំងនៅ ដូចជាៈ ក្រាំងធ្នុង ក្រាំងព្នៅ ក្រាំងចេក….។

»» ខ្នារ គឺដីទួលខ្ពស់ ព័ទ្ធជុំវិញដោយត្រពាំង ឬស្រះដែលកើតឯដោយធម្មជាតិ​ ឥតមានអ្នកណាជីក ហើយគេកសាងវត្តនៅលើទីទួលនោះ ។ ឧ. វត្តខ្នារ នៅឃុំស្រឡប់ជាដើម ។ រីឯត្រពាំងដែលនៅជិតនោះ ក៏ឲ្យឈ្មោះហៅថា ត្រពាំងខ្នារជាដើម ។

»» ព្នៀត គឺដីទួលទាបៗ នៅជាប់ពីមាត់បឹងប៉ាចហាច ឬមាត់បឹងមានស្រែ​ មានព្រៃ​របោះ ។ ជួនកាលគេកសាងភូមិ កសាងវត្តនៅលើទីទួលនោះឈ្មោះថា វត្តព្នៀត ឬ ភូមិព្នៀត ….។ល។

»» រលាំង គឺទួលប៉ែកខាងខ្ពស់ជិតរំលិច ឬក្បាលរំលិច ពេលគេកសាងជាវត្តជាភូមិ​នៅទីនោះ គេឲ្យឈ្មោះភូមិ ឬវត្តតាមឈ្មោះរលាំងនោះ ។ ឧ. រលាំងគ្រើល រលាំង​ចេក រលាំងឈូក ជាដើម ។

»» គោក គឺទួលកណ្ដាលវាល ឬកណ្ដាលវាលស្រែ ឬក៏នៅកណ្ដាលទីដែលមានទឹកលិច បើគេកសាងភូមិ ឬវត្តនៅទីនោះ គេក៏ដាក់ឈ្មោះតាមគោកនោះទៅ ។ ឧ. វត្តគោកព្រីង គោកសណ្ដែក គោកត្រប់ គោកគង់ ។ល។

គេសាងវត្ត នៅទីកន្លែងផ្សេងៗទៀតដែលមានប្រភពទឹក ដូចជា លំហាច រហាល បារាយណ៍ស្ដុកជាដើម ។

សន្និសីទ​អន្តរជាតិ​ ស្ដីពី មរតកព្រះពុទ្ធសាសនានៅអាស៊ី-អាគ្នេយ៍

នៅថ្ងៃទី ០៣ ០៤ ខែធ្នូ ឆ្នាំ ២០១០ ខាងមុខនេះ ព្រះគ្រូចៅអធិការស្ដីទី​វត្តព្រះពុទ្ធមានបុណ្យ នឹងចាត់ព្រះសង្ឃចំនួន ២០ អង្គ ដើម្បីឲ្យនិមន្តទៅចូលរួម​សន្និសីទ​អន្តរជាតិមួយ ស្ដីពី មរតកព្រះពុទ្ធសាសនានៅអាស៊ី-អាគ្នេយ៍ នៅរាជបណ្ឌិត្យសភាកម្ពុជា តាមការនិមន្តរបស់​បណ្ឌិត ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យ​សភាកម្ពុជា ។

ចំពោះរបៀបវារៈនៃកម្មវិធីនេះ មានដូចខាងក្រោម៖

ពត៌មានទាក់ទង

វ.ព.ប ថ្ងៃ២៥ វិច្ឆិកា ឆ្នាំ២០១០

បង្សុកូល

អនិច្ចា វត សង្ខារា ឧប្យាទវយ ធម្មិនោ ឧប្បជ្ជិត្វា និរុជ្ឈន្តិ តេសំ វូបសមោ សុខោ ។

អចិរំ វត យំ កាយោ បឋវឹ អធិសេស្សតិ ឆុទ្ធោ អបេតវិញ្ញាណោ​និរត្ថំវ កលិង្គរំ ។

អាយុ ឧស្មា ច វិញ្ញាណំ យទា កាយំ ជហន្តិមំ អបវិដ្ឋោ តទា សេតិ និរត្ថំវ កលិង្គរំ ។

យថា ទណ្ឌេន គោបាលោ គាវោ បាជេតិ គោចរំ ឯវំ ជរា ច មច្ចុ ច អាយុំ បាជេន្តិ បាណិនំ ។

តេ អត្តលទ្វា សុខិតា វិរុឡ្ហា ពុទ្ធសាសនេ អរោគា សុខិតា ហោថ​ សហ សព្វេហិ ញាតិភិ ។

អ្នកទាំងឡាយ (ទាំងបុរស​ទាំងស្រ្តី) នោះ ចូរបាននូវប្រយោជន៍ បាននូវសេចក្តីសុខ ចូរចម្រើន​ក្នុង​ព្រះពុទ្ធសាសនា ចូរកុំឲ្យមានរោគ​ឲ្យបាន នូវសេចក្ដីសុខ ព្រមទាំងញាតិទាំងឡាយគ្រប់គ្នា ។