វិជ្ជា និងចរិយា

ការរៀនបានផលត្រឹមតែចេះដឹង មិនហួសពីចេះដឹងទៅទៀតទេ ។ រៀនទៅចេះតែប៉ុណ្ណោះ​អ្នករៀនចេះដឹងហើយ ទោះក្មេងក្ដីទោះចាស់ក្ដី រមែងមាននិស្ស័យសន្ដានចិត្តទៅតាមប្រក្រតីដើម​ ។ អ្នកប្រមឹកនៅតែប្រមឹកដដែល ព្រោះ​ថាអានុភាពនៃការចេះដឹង មិនអាច​បន្ទន់​និស្ស័យសន្ដានចិត្តនរជនដែលចេះដឹងឲ្យទោរទន់​ទៅតាមការ​ចេះដឹងដោយឯកឯងបានឡើយ ។ តែដោយការចេះដឹងនេះជាបច្ច័យ នរជន​ទើបប្រតិបត្តិអប់រំនិស្ស័យខ្លួនឲ្យមានចរិយាល្អបាន ។ នរជនណាចេះហើយ មិនប្រតិបត្តិអប់រំនិស្ស័យខ្លួនឲ្យមានចរិយាល្អទេ, ចរិយាអាក្រក់នៃនរជននោះ ចេញមកខាង​ក្រៅបង្ហាញឲ្យគេឃើញច្បាស់ បានជាគេពោលថា “ចេះដឹងហើយម្ដេចក៏នៅប្រព្រឹត្តអាក្រក់​ទៀត? “ ។ វិញ្ញូជនអ្នកចេះដឹង បើឥតចរិយាល្អតើនឹងធ្វើអ្វីកើត? ដូចដាវមុននៅក្នុងស្រោម ។ ប្រទេសជាតិចម្រើនដោយសារតែពលរដ្ឋមានចរិយាល្អ ប្រទេសវិនាសក៏ព្រោះតែឥតចរិយាល្អ ។ ចរិយាល្អនេះមានតម្លៃប្រសើរបំផុត ។ ចរិយាគឺអ្វី?​ការប្រព្រឹត្តទៅតាមគន្លងធម៌ ការប្រព្រឹត្តសេចក្ដីល្អ​ទៅតាមទំនងខ្លួនជាមនុស្ស តម្កល់ខ្លួនឲ្យ​នៅក្នុងមនុស្សធម៌ មាន​កាយវាចាចិត្តស្ងប់សុភាពរៀបរយ មានមេត្តាករុណាចំពោះសត្វ ព្យាយាម​រៀន ព្យាយាមធ្វើការ មានះក្នុងការងារ មានសច្ចៈក្នុងការងារ ។ល។ ទាំងអស់​នេះ​​ហៅថា ចរិយា ។

ដកស្រង់ពីសៀវភៅ៤០សរសេរតាមសូត្ររបស់ រ.គោវិទ ព.ស២៤៩៩ គ.ស១៩៥៦

ហេតុអ្វីពេលដាក់បាត្រលោក ត្រូវដោះស្បែកជើង?

អាចចាត់ទុកថា ជាចម្ងល់មួយ​ដែលមានមនុស្សច្រើនណាស់​កំពុងរកចម្លើយ​មិន​ទាន់​ឃើញ​ថា  ហេតុអ្វីនៅពេលដាក់បាត្រលោក មិនគួរពាក់ស្បែកជើង​?​ចម្លើយគឺៈ

១.ការមិនពាក់ស្បែកជើងខណៈពេលដាក់បាត្រលោក គឺជាកិច្ចសម្ដែង​ការគោរពដល់ព្រះសង្ឃ ។

២.ជាការហ្វឹកហាត់ស្មារតីក្នុងពេលដើរ ដើម្បីឲ្យប្រយ័ត្នប្រយែង​ក្រែងលោជាន់លើកម្ទេច ឬដុំថ្មដុំក្រួសជាច្រើន ។

៣.ជាវិន័យកម្មរបស់ភិក្ខុសង្ឃ ព្រោះក្នុងគ្រាពុទ្ធកាល ព្រះភិក្ខុសង្ឃ​មិន​ពាក់​​ស្បែកជើង ខណៈពេលនិមន្តចូលទីប្រជុំជន តែព្រះអង្គទ្រង់​អនុញ្ញាត​​​​ឲ្យ​ពាក់ខណៈពេលនិមន្តចូលក្នុងព្រៃ ឬទីដទៃក្រៅពីភូមិស្រុក ។

ហេតុដូច្នេះហើយ ទើបក្នុងសម័យពុទ្ធកាល ព្រះភិក្ខុសង្ឃទ្រង់មិនពាក់ស្បែកជើង​ខណៈពេលនិមន្ដបិណ្ឌបាត្រចង្ហាន់នៅតាមភូមិស្រុក ។

 ដកស្រង់ពីទស្សនាវដ្ដីខ្មែរអប្សរា

សង្ឃដិកាសម្ដេចព្រះឧត្តមមុនី ហេង លាងហោ

អ្នកខ្លះយល់ឃើញថា៖

“បើកូនស្លាប់កុំឲ្យម៉ែឳធ្វើបុណ្យឲ្យកូន បើប្អូនស្លាប់ក៏កុំឲ្យបងធ្វើបុណ្យឲ្យប្អូនដែរ បើកំពុងមានកុំឲ្យធ្វើបុណ្យព្រោះវាឆាប់​ក្រទៅវិញ ។”

សូមបញ្ជាក់ដោយខ្លីថា៖

“កូនដែលស្លាប់ទៅហ្នឹងជាកូនអ្នកណា?​ មិនកូនយើង។ អ្ហើយអ្នកណាចង់បាន? មិនយើង ។ អ្ហើយអ្នកណាអាណិតអាសូរវា? មិនយើង ។ អ្ហើយពេលវាងាប់ទៅ​អ្នកណាយំខ្លះ ? មិនយើងគឺម៉ែឳ ។ អ្ហើយបើម៉ែឳមិនធ្វើបុណ្យឲ្យទៅ​តើអ្នកណាធ្វើឲ្យ ព្រោះអ្នកដទៃជាបុរសស្រ្ដីដូចជាយើងជាម៉ែជាឳគេដែរ ប៉ុន្ដែ​គេអត់ដែលស្រលាញ់ គេទំនុកបំរុង គេស្ដាយស្រណោះអាលោះអាល័យ សូម្បីតែវាងាប់ទៅហើយ ក៏គ្មានអ្នកណាសម្រក់ទឹកភ្នែកដូចជាយើងជាម៉ែឳដែរ ។​អ្ហើយបើម៉ែឳមិនធ្វើបុណ្យឲ្យវា តើអ្នកណាធ្វើបុណ្យឲ្យ ? បើគ្នាកើតទីកន្លែង​ដែលអត់ មិនអត់រហូតទៅហើយ ?”

 

ស្រង់ចាកធម្មទេសនារបស់សម្ដេចផ្ទាល់

 


ឱវាទ១៧បទ